ឯកឧត្ដម សុខ ឥសាន៖ គោលបំណង នៃការធ្វើវិសោធនកម្ម ប្រការ៤៨ថ្មី៣នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដោយសារបក្សប្រឆាំងមិនចូលរួមដោះស្រាយបញ្ហារួមគ្នា ជាផលប្រយោជន៍ជាតិ


Sok-Esan-4-7-2016

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា៖ ប្រការ ៤៨ថ្មី៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងល្អ ក្នុងការចង់ឲ្យមានកិច្ចសហការកាន់តែរឹងមាំរវាងគណបក្សទាំងពីរ មានអសនៈក្នុងសភា ក្នុងការដោះស្រាយបញ្ហានានាជាផលប្រយោជន៍ជាតិ និង ប្រជាជន ដោយឈរលើគោលការណ៏គោរពគ្នា ឲ្យតម្លៃគ្នា និងស្មោះត្រង់នឹងគ្នា សំដៅធ្វើឲ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា ។
ឯកឧត្តម សុខ ឥសាន បានបន្តថា គោលបំណងដ៏ល្អនេះ មិនទទួលបានផលល្អស្របតាមបំណងដើមទេ ដោយសារភាគីបក្សប្រឆាំងតែងឆ្លៀតយកបំណងល្អនេះ ទៅកេងចំណេញខាងនយោបាយ មិនគោរពតួនាទីខ្លួនជាបក្សប្រឆាំង បែរជាបានចិត្ត នឹកថាគណបក្សកាន់អំណាចយកចិត្តយកថ្លើមខ្លួនទៅវិញ ចង់ដោះស្រាយបញ្ហាអ្វីឆ្លៀតដាក់លក្ខ័ណ្ឌមកឲ្យគណបក្សកាន់អំណាចទៅវិញ ។