*នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤ អាណត្តិទី២ ឆ្នាំ២០១៧ ក្នុងស្រុកខ្សាច់កណ្តាល ក្រោមអធិបតីភាពរបស់ ឯ.ឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯ.ឧ ម៉ៅ ភិរុណ អភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋក្នុងស្រុក ប្រមាណជាង ៨៧០ នាក់។
*អង្គវេទិកាបានដំណើរការទៅតាមកម្មវិធីដែលបានគ្រោងទុកដោយមានការលើកឡើងជាសំណួរ សំណូមពរ កង្វល់ តាមរយៈការសរសេរជាលាយល័ក្សអក្សរមកកាន់វេទិកា ដែលពាក់ព័ន្ធទៅនឹងកង្វះអគារសាលាឃុំ, បញ្ហារំលោភដីសាធារណៈ និងដីឯកជន,សំណូមពរជួសជុលនិងសាងសង់ផ្លូវ, លូបង្ហូរទឹក, បង្គោលនិងបណ្តាញអគ្គិសនី, បញ្ហាអគ្គិសនីដាច់ចរន្តញឹកញាប់, បណ្តាញទឹកស្អាត, បញ្ហាគ្រឿងញៀន, សំណូមពរបើកវេទិកាអោយបានច្រើន, ប្រាក់ឧបត្ថម្ភប្រជាការពារ, ការរៀបចំសោភ័ណភាពសាលារៀន, កង្វះគ្រូបង្រៀនថ្នាក់មតេ្តយ្យសិក្សា, អគារទីចាត់ការ, របងសាលារៀន, ស្តារប្រឡាយរំដោះទឹក, សំណូមពរសុំថវិកាសួយសារពីការធ្វើអាជីវកម្មរ៉ែ, បញ្ហាទឹកលិចដំណាំ, នីតិវិធីបង់ពន្ធសាំញាំ, វិទ្យុទាក់ទងសម្រាប់ប្រជាការពារ, បញ្ហានេសាទខុសច្បាប់, ការទិញ លក់ដី, សំណូពរជួយធ្វើការវិនិយោគផ្សារនៅក្នុងឃុំ, អគ្គិសនីបំភ្លឺសាធារណៈ។ ល។
+ ណែនាំដល់អាជ្ញាធរមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ចត្រូវខិតខំពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសបន្តពង្រឹងការងារបង្ការ បង្ក្រាបបទល្មើសល្បែងស៊ីសង និងគ្រឿងញៀន ហើយត្រូវនៅអោយឆ្ងាយពីបទល្មើស
+ ណែនាំដល់មេឃុំ ត្រូវមានការប្រុងប្រយ័ត្នរាល់ការចុះហត្ថលេខាបញ្ជាក់ឯកសារនានាពាក់ព័ន្ធនឹងការខ្ចីប្រាក់ ដែលអាចនាំទៅដល់ការដកហូតកម្មសិទ្ធិលើអចលវត្ថុរបស់ប្រជាពលរដ្ឋ
+ ផ្តល់ថវិកា ៣ លានរៀល ដល់សាលាបឋមសិក្សាប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាមាក់ សម្រាប់ទិញដីចាក់ទីធ្លាសាលារៀន
+ ផ្តល់អគារសាលាមួយអគារដល់ឃុំស្វាយរមៀត អនុវត្តក្នុងឆ្នាំ ២០១៧
+ ផ្តល់អគារសាលាឃុំមួយអគារដល់ឃុំតាឯក អនុវត្តនៅក្នុងឆ្នាំ ២០១៩
+ ផ្តល់ការរៀបចំភ្លើងបំភ្លឺសាធារណៈពីផ្លូវបំបែករង្វង់មូលស្ពានព្រែកតាមាក់ ទៅឃុំពុកឫស្សី ចំនួន ២៤ បង្គោល អនុវត្តក្នុងឆ្នាំ២០១៨៕