នារសៀលថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានចុះជួបសំណេះសំណាលជាមួយអ្នកដែលទទួលការអប់រំកែប្រែនិងបន្សាបគ្រឿងញៀន នៅសមាគមសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀនកម្ពុជា DARAC ស្ថិតនៅក្នុងភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សមាសភាពអមដំណើរដោយ លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលស្រុក មេឃុំ មេភូមិ និងអ្នកពាក់ព័ន្ធ។
ក្នុងឱកាសនេះដែរ ឯកឧត្តមបានធ្វើការផ្តាំផ្ញើដល់អ្នកដែលកំពុងទទួលការអប់រំ និងបន្សាបគ្រឿងញៀន៖
– ត្រូវសិក្សាយល់ដឹងពីផលវិបាកនៃគ្រឿងញៀនធ្វើអោយប៉ះពាល់និងបង្កគ្រោះថ្នាក់ដល់សុខភាពនិងអាយុជីវិតខ្លួនឯង និងប៉ះពាល់ជីវភាពរស់នៅខ្លួនឯងផ្ទាល់ ក្រុមគ្រួសារនិងសង្គមទៀតផងដែរ
-ត្រូវធ្វើការតាំងចិត្ត អត់ធ្មត់ ព្យាយាមអោយបានខ្ពស់ក្នុងការទទួលយកការអប់រំកែប្រែខ្លួន និងផ្តាច់សារធាតុញៀន
-ត្រូវធ្វើខ្លួនអោយរវល់ដោយត្រូវបំពេញការងារផ្សេងៗអោយមានប្រយោជន៍
-ធ្វើការហាត់ប្រាណជាប្រចាំដើម្បីបន្សាបសារធាតុញៀន
-នៅពេលត្រលប់ទៅផ្ទះវិញ ត្រូវចៀសអោយឆ្ញាយពីគ្រឿងញៀន និង ត្រូវបន្តអប់រំពីផលវិបាកនៃគ្រឿងញៀន ទៅអោយអ្នកដទៃបានដឹង ដើម្បីចៀសអោយឆ្ងាយពីគ្រឿងញៀនផងដែរ។
*ជាទីបញ្ចប់ ឯកឧត្តមបានឧបត្ថម្ភ៖
+អង្ករ ១ តោន ក្នុង មួយខែ ចាប់ពីខែមករា ឆ្នាំ២០១៧ ដល់សមាគម សង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀនកម្ពុជា ។
+ សមាគមសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀនកម្ពុជា ថវិកា ១លានរៀល។
+ អ្នកដែលទទួលការអប់រំ និងបន្សាបគ្រឿងញៀន និងបុគ្គលិក នៅក្នុងសមាគម ចំនួន ១០១ នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល។