នាព្រឹក ថ្ងៃទី១៤ ខែធ្នូ ២០១៦ នេះ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅស្រុកកោះធំ ដែលមានការចូលរួមពីប្រជាពលរដ្ឋក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ ជាង៥៥០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯ.ឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯ.ឧ បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត។ ឯ.ឧ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងពីគោលបំណងនៃវេទិកា និង បានរាយការណ៍ពីលទ្ធផលឆ្លើយតបវេទិកាឆ្នាំមុនទាំង ១១ សំណូមពរ។ ចំណែក ឯ.ឧ អភិបាលខេត្ត បានផ្សព្វផ្សាយ ពន្យល់ពីការវិវត្តន៍ នៃប្រព័ន្ធគ្រប់គ្រងនៅកម្ពុជា តាំងពីឆ្នាំ ១៩០៥ រហូតបច្ចុប្បន្ន និងលើកឡើងពីគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ ក្នុងបំណងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ លទ្ធផលល្អនៃការចុះឈ្មោះបោះឆ្នោតនៅខេត្តកណ្តាល ព្រមទាំងបានផ្សព្វផ្សាយពីលទ្ធផលរបស់រដ្ឋបាលខេត្ត សម្រេចបាន សំខាន់ៗ នា ៩ខែដើមឆ្នាំ។ ចុងក្រោយ ឯកឧត្តមអភិបាលខេត្តបានណែនាំ អាជ្ញាធរមូលដ្ឋាន ច្រកទ្វារព្រំដែន មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តតួនាទីដោយប្រុងប្រយ័ត្ន និង តម្លាភាព។ ក្នុងឱកាសនោះ ប្រជាពលរដ្ឋបានលើក បញ្ហា កង្វល់ សំណូមពរ និង មានការឆ្លើយតបដោះស្រាយដោយ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តដូចខាងក្រោមៈ
១.ស្នើផ្លូវចាក់ថ្ម ផ្លូវបេតុង សរុប ៩ខ្សែ និង ស្ពាន ១កន្លែង។ នឹងសិក្សាពីលទ្ធភាព គាំទ្រដោយមូលនិធិឃុំ ស្រុក និង ខេត្តសន្យាគាំទ្រ ផ្លូវបេតុង ២គម នៅឆ្នាំ២០១៨
២.សុំជួយស្តារប្រឡាយខ្សែស្រប ១២ ប្រវែង ៥០០ម ឃុំឈើខ្មៅ ប្រឡាយព្រែកឡស្រា ២៣០០ម ឃុំព្រែកជ្រៃ។
៣.ស្នើបញ្ចុះតម្លៃអគ្គីសនី មកត្រឹម ៥០០~៦០០រៀល។ បច្ចុប្បន្ន តម្លៃ ៨០០រៀល
៤.ស្នើជួយបង្កើនតម្លៃកសិផល
៥.ប្រជាការពារ ជ្រោយតាកែវ សុំ អាយកូម និង សំលៀកបំពាក់។ ជួយគាំទ្រ អាយកូម ៦គ្រឿង
៦.ស្នើដី ៥០០ឡាន ចាក់បំពេញទីធ្លាសាលាបឋមសំរោងអណ្តែត ឃុំឈើខ្មៅ។ គាំទ្រថវិកា ២០លានរៀល តាមសំណូមពរ
៧.គាំទ្រសំណើរសុំដីបំពេញសាលា ត្រពាំងជ្រៃ ១លានរៀលតាមសំណើរ
៨.គាំទ្រសំណើរសុំបំពេញដី គល់ស្ពានព្រែកតាឃិន ១០០ឡាន បំពេញដីសងខាងផ្លូវព្រែកកំពង់ដរ ជ្រោយតាកែវ ៤០ឡាន ជួសជុលទំនប់ ឃុំព្រែកជ្រៃ ២៥០ឡាន
៩.គាំទ្រការចាក់ដីបំពេញទីធ្លាសាលាឈើខ្មៅ ៤លានរៀល
១០.គាំទ្រ សាលា ១ខ្នង ៥បន្ទប់ អនុវិទ្យាល័យឈើខ្មៅ ឆ្នាំ២០១៨
១១.គាំទ្រសំណើសាងសង់សាលាសមានទានសីល៍ ក្បាលជ្រោយ ឈើខ្មៅ ដែលខ្វះថវិកា ៨លានរៀល
១២.វត្តដើមពោធិ៍ ឃុំជ្រោយតាកែវ ស្នើថវិកា ១៦០០ដុល្លារ សម្រាប់បង្ហើយខ្លោងទ្វារ និង ពិធីបុណ្យឆ្លង។ គាំទ្រតាមសំណើ
១៣.វត្តត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្នើសុំជួយបង្ហើយខ្លោងទ្វារ និង របង ៩៦ម។ គាំទ្រតាមសំណើ
១៤.គាំទ្ររបងវត្តសំរោងអណ្តែត ឃុំឈើខ្មៅ ៦៨០០ដុល្លារ។
១៥.គាំទ្របង់ថ្លៃភ្លើងបំភ្លឺ ប្រចាំខែលើស្ពានឆ្លងទន្លេបាសាក់កោះធំ។
១៦.គាំទ្រសង់អាគាររដ្ឋបាលឃុំ ២ខ្នង ឃុំជ្រោយតាកែវ និង ឃុំព្រែកជ្រៃ។ រដ្ឋបាលខេត្ត បានឆ្លើយតប ទទួលយកសំណូមពរដែលមិនទាន់ដោះស្រាយយកទៅពិភាក្សារកដំណោះស្រាយ និង បានបកស្រាយបំភ្លឺ ធ្វើឲ្យប្រជាពលរដ្ឋយល់រីករាយ និង មានភាពជឿជាក់ថាបញ្ហាទាំងនេះនឹងត្រូវបានដោះស្រាយនាពេលឆាប់ៗនេះ៕