នារសៀលថ្ងៃពុធ ១២ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅជើងភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្តាល មានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង១០០០ ម៉ែត្រ នៅឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯ.ឧ ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត។ សមាសភាពអញ្ជើញចូលរួម មាន៖ ឯ.ឧ លោកជំទាវ សមាជិក សមាជិកាក្រមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត, មន្ត្រីរាជការ កងកម្លាំងជុំវិញស្រុក មេឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋឃុំ មន្ត្រីពាក់ព័ន្ធ ប្រជាការពារ និងប្រជាពលរដ្ឋ សរុបចំនួន ៧០០ នាក់។
*គួរបញ្ជាក់ដែរថា ផ្លូវបេតុងដែលត្រូវបើកការដ្ឋានសាង់សង់នាថ្ងៃនេះមានប្រវែង ១០០០ ម៉ែត្រ ឆ្លងកាត់ឃុំផ្សារដែកប្រវែង ៥០០ ម៉ែត្រ និងឃុំភ្នំបាតប្រវែង៥០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រស្ថាបនាដោយក្រុមហ៊ុនអ៊ែតវ៉ាន់ផ្លាស ( Advance Plus Co.,Ltd) ដោយត្រូវបញ្ចប់ការសាងសង់ជាស្ថាពរ នៅត្រឹមថ្ងៃ១០ ខែមេសា ឆ្នាំ២០១៨។
*ក្នុងឱកាសនោះដែរ ឯ.ឧ អភិបាលខេត្តបានឧបត្ថម្ភដល់ប្រជាការពារ និងប្រជាពលរដ្ឋចូលរួម ចំនួន ៦០០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១ ម៉ឺនរៀល៕