*នាព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៨ នៅសាលាខេត្តកណ្តាល ឯ.ឧ ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានជួបសំណេះសំណាលជាមួយអាជីវករ ម្ចាស់ផ្ទះសំណាក់ ម្ចាស់សណ្ឋាគារ ទូទាំងក្រុងតាខ្មៅ។ សមាសភាពអញ្ជើញចូលរួម មានឯ.ឧ លោកជំទាវ អភិបាលរងខេត្ត, ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ចៅសង្កាត់ទាំង៦ និងបងប្អូនអាជីវករ សរុបប្រមាណ ៤៥០ នាក់ ។
*គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីពិធីបុណ្យទន្លេ និងធ្វើការណែនាំ ព្រមទាំងស្វែងរកការចូលរួមពីសំណាក់បងប្អូនអាជីវករទាំងអស់នៅទូទាំងក្រុងតាខ្មៅ ត្រៀមខ្លួនឆ្ពោះទៅកាន់ព្រឹត្តិការណ៍ពិធីបុណ្យទន្លេលើកទី៤ ឆ្នាំ២០១៨ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខ។
*ក្នុងឱកាសនោះដែរ ឯ.ឧ អភិបាលខេត្ត បានណែនាំ និងផ្តាំផ្ញើ ដូចខាងក្រោម៖
+ស្នើអោយអាជ្ញាធរ ប្រជាពលរដ្ឋ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមថែរក្សានូវសណ្តាប់ធ្នាប់របៀបរៀបរយ អនាម័យ និងសោភ័ណភាព នៅក្នុងក្រុងសម្រាប់ទទួលព្រឹត្តិការណបុណ្យទន្លេ និងដើម្បីចូលរួមប្រកួតប្រជែងក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ (២០១៨-២០២០)តាមរយៈ ការប្រមូល និងទុកដាក់សម្រាមអោយបានត្រឹមត្រូវ ជួយសម្អាត់មុខផ្ទះនិងបរិវេណក្នុងផ្ទះ លាបរបងផ្ទះ តុបតែងភ្លើងលម្អ មិនត្រូវហាលសម្លៀកបំពាក់មិនសមរម្យ ព្រមទាំងមិនត្រូវលក់ដូរលើចិញ្ចើមផ្លូវថ្នល់។ល។
+ ណែនាំប្រជាពលរដ្ឋ រាល់ការសាងសង់ត្រូវស្នើសុំច្បាប់ និងគោរពទៅតាមប្លង់គោល ក៏ដូចជាការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច
+ អំពាវនាវប្រជាពលរដ្ឋសូមមានភាពរួសរាយរាក់ទាក់ និងមានសុជីវធម៌ក្នុងការរស់នៅ
+ ស្នើអាជីវករ លក់ដូរគ្រប់ប្រភេទ ត្រូវគោរពអោយនូវគោលការណ៍ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋាកិច្ច្អ
+ អ្នកផ្តល់សេវាកម្មស្នាក់នៅ និងសេវាកម្មផ្សេងៗទៀត មិនត្រូវតម្លើងថ្លៃនោះទេនៅក្នុងពិធីបុណ្យទន្លេ ខាងមុខ
+ លើកទឹកចិត្តម្ចាស់សហគ្រាស និងម្ចាស់អាជីវកម្មគ្រប់ប្រភេទនៅក្នុងខេត្ត សូមចូលរួមយកផលិតផលរបស់ខ្លួនមកដាក់តាំងពិពណ៌ ក្នុងពិធីបុណ្យ ដើម្បីលើកកម្ពស់នូវផលិតផលក្នុងខេត្ត
+ អំពាវនាវយុវជន និសសិស្សានុសិស្ស សូមចូលរួមអោយបានច្រើនកុះករ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាផ្សេងៗនៅក្នុងពិធីបុណ្យទន្លេ
+ អំពាវនាវដល់មន្ត្រីរាជការ អាជីវករ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សូមចូលរួមទស្សនាអោយបានច្រើនកុះករ នៅក្នុងពិធីបុណ្យទន្លេ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ខេត្តកណ្តាល ដែលនឹងចូលមកដល់នៅពេលខាងមុខ
+ សំណូមពរដល់អ្នកចូលរួមនាឱកាសនេះ សូមបន្តផ្សព្វផ្សាយអោយបានទូលំទូលាយអំពីព្រឹត្តិការណ៍ខាងលើ៕