នាព្រឹក ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែ មករា ឆ្នាំ២០១៨ នៅស្រុកកោះធំ ខេត្តកណ្តាល មានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែ ប្រវែង ១០ ៧២៤ ម៉ែត្រ បំបែកចេញពីផ្លូវខេត្តលេខ ១១០ ចំណុចគីឡូម៉ែត្រលេខ៩០ ស្ថិតក្នុងភូមិព្រែកទន្លា ឃុំព្រែកជ្រៃ ស្រុកកោះធំ ទៅទល់ជាមួួយផ្លូវលេខ១១៨ A ចំណុចគីឡូម៉ែត្រលេខ ៤៥ ស្ថិតក្នុងឃុំក្អមសំណរ ស្រុកលើកដែក ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល អនុប្រធានក្រុមការងារចុះជួយស្រុកកោះធំ និងឯកឧត្តម ឈន សារ៉ាណេ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ។ សមាសភាពអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលស្រុក មន្រ្តីរាជការស្រុក និងប្រជាពលរដ្ឋ ចំនួន ៦០០នាក់។
ក្នុងឱកាសនេះដែរ ឯកឧត្តមគណៈអធិបតីបានផ្តាំផ្ញើដូចខាងក្រោម៖
+ត្រូវសាងសង់ឱ្យបានរឹងមាំ ស្របតាមបទដ្ឋានបច្ចេកទេស ធានាគុណភាព មានសោភណ្ឌភាព និងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ព្រមទាំងត្រូវអនុវត្តឲ្យបានហ្មឺងម៉ាត់នូវពេលវេលា នៃការសាងសង់។
+ជំរុញដល់អាជ្ញាធរដែនដី ត្រូវផ្តល់កិច្ចសហការជាមួយក្រុមការងារសាងសង់ផ្លូវ ក្នុងការបង្កលក្ខណៈងាយស្រួលដើម្បីឲ្យក្រុមការងារមានលទ្ធភាពខ្ពស់ក្នុងការសាងសង់ ឱ្យលឿន និងទាន់ពេល។
+អំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាចូលរួមគោរពច្បាប់ផ្លូវថ្នល់ និងច្បាប់ចរាចរណ៍ផ្លូវគោក មានសុជីវធម៌ក្នុងការបើកបរ ហើយសូមប្រកាន់នូវអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីគឺ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះចរាចរណ៍»។
ជាទីបញ្ចប់ ឯកឧត្តមគណៈអធិបតីបានឧបត្ថម្ភដល់៖
+ស៊ីម៉ង់ ១០ តោន ថវិកា ២ ៣០០ ០០០រៀល និង ៨៥០ ដុល្លា ក្នុងការសាងសង់សាលាបុណ្យនៅវត្តជ្រោយស្នោ ស្ថិតនៅភូមិជ្រោយស្នោ ឃុំព្រែកជ្រៃ ស្រុកកោះធំ។
+ប្រជាពលរដ្ឋចូលរួមទាំង៥១២ នាក់ ក្នុងម្នាក់ទទួលបានថវិកា ១ម៉ឺនរៀល។