នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ នៅសាលាក្រុងតាខ្មៅ មានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាល អភិបាលរងក្រុង ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី ចៅសង្កាត់ មន្ត្រីរាជការ សរុបចំនួន ២០០ នាក់។
គួរបញ្ជាក់ផងដែរ លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ ដែលទទួលការតែងតាំងនាពេលនេះ ជំនួសលោក ហេង ធៀម ដែលបានចូលនិវត្តន៍ ព្រមជាមួយនេះ ក៏មានការប្រកាសចូលកាន់តំណែងអភិបាលរងចំនួន១ នាក់ទៀត គឺលោក អេង សុវិចិត្រ តែងតាំងជាអភិបាលរងក្រុង ជំនួសលោក នូ សុវណ្ណរ៉ា។
ក្នុងឱកាសនេះដែរ ឯកឧត្តមផ្តាំផ្ញើ ដល់លោកអភិបាល និងអភិបាលរងក្រុង ដែលទើបទទួលការតែងតាំងថ្មី ក៏ដូចជាមន្ត្រីរាជការរដ្ឋបាលក្រុង សូមបន្តយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖
+សូមបន្តយកចិត្តទុកដាក់អនុវត្តផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ក្រុង
+បន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ កែលម្អសោភ័ណភាព ពិសេសយកចិត្តទុកដាក់លើការប្រមូលសំរាមឱ្យបានទាន់ពេលវេលា និងបំផុសប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើការសំអាតសំរាម បង្ក្រាបល្បែងស៊ីសង ពិសេសល្បែងកន្ទុយលេខ ក្រុមក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរ។ល។
+បន្តយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ (ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព)
+ត្រូវសហការ និងខិតខំរៀបចំកែលម្អសោភណ្ឌក្រុងឱ្យកាន់តែស្អាត ដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាត និងត្រៀមលក្ខណៈរៀបចំបុណ្យទន្លេ នាឆ្នាំ២០១៨ខាងមុខ ឱ្យទទួលបានជោគជ័យ។
+ត្រូវធានាឱ្យបាននូវការឯកភាព សាមគ្គីឯកភាពផ្ទៃក្នុង ដែលកើតចេញពីការពិភាក្សាពិគ្រោះយោបល់គ្នា ចេះសម្របសម្រួលគ្នា អធ្យាស្រ័យឱ្យគ្នា ដើម្បីឱ្យការងារទទួលបានជោគជ័យ
+ត្រូវប្រកាន់នូវសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ប្រកាន់នូវរបបប្រជុំ របបរាយការណ៍ របបសុំយោបល់ឱ្យបានទៀងទាត់ ទាំងក្នុងរដ្ឋបាល និងក្នុងគណៈបញ្ជាការឯកភាព។
+ អោយយកចិត្តទុកដាក់ខ្ពស់លើបញ្ហាអនាម័យ សំរាម។
+ ស្នើអោយប្រជាពលរដ្ឋចូលរួមក្នុងការថែរក្សាចិញ្ចើមផ្លូវ។