* នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជា អភិបាល អភិបាលរងស្រុកមុខកំពូល នៅសាលាស្រុកមុខកំពូល ។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, នាយក-នាយិកាទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្ត, ក្រុមប្រឹក្សា/គណៈអភិបាលស្រុក, មេឃុំ និងមន្ត្រីរាជការជុំវិញស្រុក សរុបចំនួន ២០០នាក់។
សូមបញ្ជាក់ថា អភិបាលស្រុកមុខកំពូល ដែលទើបតែទទួលការតែងតាំងថ្មីនេះ គឺលោក តុង ស៉ីវមី ជាអតីតអភិបាលស្រុកពញាឮ ជំនួសលោក តាំង ម៉េងលាន ដែលត្រូវតែងតាំងជាអភិបាលស្រុកពញាឮ។ ជាមួយនេះ ក៏បានប្រកាសតែងតាំង និងផ្ទេរភារកិច្ច អភិបាលរង ស្រុក០៣រូប ទៀត គឺ លោក រ៉េន សុវន្នី, លោក ឆាយ សុណា និងលោកស្រី ដឹប អេង ផងដែរ។
*ក្នុងឱកាសនោះ ឯកឧត្តម បានផ្តាំផ្ញើដល់លោកអភិបាល និងអភិបាលរងស្រុក ដែលទើបទទួលការតែងតាំងថ្មី ដូចខាងក្រោម៖
-បន្តយកចិត្តទុកដាក់អនុវត្តផែនការអភិវឌ្ឍន៍៥ឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ស្រុក
-បន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ កែលម្អសោភណ្ឌភាពស្រុក ពិសេសនៅតាមទីប្រជុំជន ខិតខំបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ក្រុមក្មេងទំនើង និងខិតខំដោះស្រាយបញ្ហាគ្រឿងញៀន បញ្ហាទំនាស់ដីធ្លី ព្រមទាំងជួយជនរងគ្រោះដោយសារគ្រោះថ្នាក់ធម្មជាតិ
-បន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព (ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព) ក្នុងឥរិយាបថ សុភាពរាបសារ រួសរាយរាក់ទាក់ ជូនប្រជាពលរដ្ឋ
-ពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍសមត្ថភាពមន្រ្តី ដើម្បីត្រៀមទទួលការផ្ទេរមុខងារពីថ្នាក់លើ ពិសេសត្រូវធានាឱ្យបាននូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដោយត្រូវចៀសឱ្យបាននូវទំនាស់ បីគឺ ទំនាស់ផលប្រយោជន៍, ទំនាស់កិត្យានុភាព និងសេចក្តីថ្លៃថ្នូរ, ទំនាស់ការប្រើអំណាចមិនត្រឹមត្រូវ៕