* ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ចាន់ យុត្ថា នាយខុទ្ធកាល័យក្រសួងធនធានទឹក និងជា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាឮ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជា អភិបាលនៃគណៈអភិបាលស្រុកពញាឮ នៅសាលាស្រុកពញាឮ ។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, នាយក-នាយិកាទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្ត, ក្រុមប្រឹក្សា/គណៈអភិបាលស្រុក, មេឃុំ និងមន្ត្រីរាជការជុំវិញស្រុក សរុបចំនួន ២១៩នាក់។
សូមបញ្ជាក់ថា អភិបាលស្រុកពញាឮ ដែលទើបតែទទួលការតែងតាំងថ្មីនេះ គឺលោក តាំង ម៉េងលាន ជាអតីតអភិបាលស្រុកមុខកំពូល ជំនួសលោក តុង ស៉ីវមី ដែលបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកមុខកំពូល កាលពីម្សិលមិញនេះ។
*ក្នុងឱកាសនោះ ឯកឧត្តម បានផ្តាំផ្ញើដល់លោកអភិបាលស្រុក ដែលផ្ទេរ និងទទួលការតែងតាំងថ្មី ដូចខាងក្រោម៖
-ត្រូវចេះសហការ ផ្លាស់ប្តូរយោបល់គ្នា និងចេះទទួលខុសត្រូវ ធ្វើយ៉ាងណាអភិវឌ្ឍន៍មូលដ្ឋានខ្លួន ឱ្យមានការរីកចំរើន
-សហការជាមួយមន្រ្តីក្រោមឱវាទ ត្រូវអនុវត្តតាមច្បាប់ និិងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា
-បន្តយកចិត្តទុកដាក់អនុវត្តផែនការអភិវឌ្ឍន៍៥ឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ស្រុក
-បន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ កែលម្អសោភណ្ឌភាពស្រុក ទីប្រជុំជន និងតាមរមណីយដ្ឋាននានា
-ខិតខំបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ក្រុមក្មេងទំនើង និងខិតខំដោះស្រាយបញ្ហាគ្រឿងញៀន បញ្ហាទំនាស់ដីធ្លីពិសេសបញ្ហាដីធ្លីដែលរ៉ាំរ៉ៃ និងខិតខំជួយជនរងគ្រោះដោយសារគ្រោះថ្នាក់ធម្មជាតិផ្សេងៗ
-បន្តខិតខំផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព (ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព) ក្នុងឥរិយាបថ សុភាពរាបសារ រួសរាយរាក់ទាក់ ជូនប្រជាពលរដ្ឋ
-ពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍសមត្ថភាពមន្រ្តី ដើម្បីត្រៀមទទួលការផ្ទេរមុខងារពីថ្នាក់លើ ពិសេសត្រូវធានាឱ្យបាននូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដោយត្រូវចៀសឱ្យបាននូវទំនាស់ បីគឺ ទំនាស់ផលប្រយោជន៍, ទំនាស់កិត្យានុភាព និងសេចក្តីថ្លៃថ្នូរ, ទំនាស់ការប្រើអំណាចមិនត្រឹមត្រូវ៕