*នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅ រដ្ឋបាលស្រុកល្វាឯម បានរៀបចំពិធីប្រកាសផ្ទេរ និងចូលកាន់តំណែង ជាអភិបាល អភិបាលរងស្រុកនៃគណៈអភិបាលស្រុកល្វាឯម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយក នាយិកាទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្ត ក្រុមប្រឹក្សា និងគណៈអភិបាលស្រុក មេឃុំ និងមន្ត្រីរាជការជុំវិញស្រុក សរុបចំនួន ៣៥០នាក់។
*គួរបញ្ជាក់ផងដែរថា អភិបាលស្រុកល្វាឯម ដែលទើបតែទទួលការតែងតាំងថ្មីនេះ គឺលោក គង់ សោភ័ណ្ឌ ជាអតីតអភិបាលស្រុកខ្សាច់កណ្តាល ជំនួសលោក ប៊ុន ផេង ដែលត្រូវតែងតាំងជាអភិបាលស្រុកខ្សាច់កណ្តាល។ ក្រៅពីនេះ ក៏បានប្រកាសចូលកាន់តំណែង ជាអភិបាលរងស្រុក ចំនួន០២រូប ផ្សេងទៀត គឺ លោក ភឹម ភីរ៉ា និងលោក យី យ៉េន ផងដែរ។
*ក្នុងឱកាសនោះ ឯកឧត្តម បានផ្តាំផ្ញើដល់លោកអភិបាល និងអភិបាលរងស្រុក ដែលទើបទទួលការតែងតាំងថ្មី ដូចខាងក្រោម៖
-បន្តយកចិត្តទុកដាក់អនុវត្តផែនការអភិវឌ្ឍន៍៥ឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ស្រុក
-បន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ កែលម្អសោភណ្ឌភាព បង្រ្កាបល្បែងស៊ីសង ក្រុមក្មេងទំនើង និងខិតខំដោះស្រាយបញ្ហាគ្រឿងញៀន បទល្មើសនេសាទ
-បន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ (ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព)
-ពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍសមត្ថភាពមន្រ្តី ដើម្បីត្រៀមទទួលការផ្ទេរមុខងារពីថ្នាក់លើ ពិសេសត្រូវធានាឱ្យបាននូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ៕