*នារសៀលថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ២០១៧ នៅសាលាឃុំសំរោងលើ បានរៀបចំពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សានិងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំ ជំទប់ទី១ ជំទប់ទី២ នៃរដ្ឋបាលឃុំសំរោងលើ ក្នុងអាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវសមាជិកក្រុម្រឹក្សាខេត្ត លោក លោកស្រី គណៈអភិបាលស្រុកមុខកំពូល ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ស្មៀនឃុំ តំណាងគណបក្សនយោបាយ, តំណាងអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ, តំណាងគណៈកម្មាធិការ និងគណៈកម្មការនានារបស់ឃុំ និងប្រជាពលរដ្ឋ សរុបចំនួន ២៥៩ នាក់។
*ក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងនូវការអរគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ មានឱកាសក្នុងការសហការគ្នាដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ហើយ ឯ.ឧ ក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា អស់លោកដែលទើបបានជាប់ឆ្នោតថ្មី និងលោកស្រី អស់លោកដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាឃុំ ក្នុងអាណត្ដិទី៤នេះ ពិតជានឹងចូលរួមបញ្ចេញអស់នូវសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ដ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងឃុំ របស់ខ្លួន។ ដោយឡែក ឯ.ឧ អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់លោកស្រី អស់លោក ដែលជាមេឃុំ ជំទប់ឃុំ និងក្រុមប្រឹក្សាឃុំត្រូវយកចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល និងត្រូវបំពេញការងារដោយស្មារតីសាមគ្គីភាព យោគយល់គ្នា និងបន្តរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីអោយឃុំសំរោងលើកាន់តែមានការរីកចម្រើនអភិវឌ្ឍន៍បន្ថែមទៀត។
ឯ.ឧ គណអធិបតីបានប្រកាសផ្តល់៖
+ ផ្លូវគ្រួសក្រហម ប្រវែង ១ គីឡូម៉ែត្រ ក្នុងឃុំសំរោងលើ។
+ឯកឧត្តម ម៉ៅ ភិរុណ ផ្តល់ថវិកា ចំនួន ២០ លានរៀល និង ឯកឧត្តម ឌួង ងៀប ប្រធានគណៈពង្រឹងចុះជួយឃុំសំរោងលើបាន ផ្តល់ថវិកា ២០ លានរៀល ដល់ឃុំសំរោងលើក្នុងការអភិវឌ្ឍផ្លូវនៅក្នុងឃុំបន្ថែមទៀត៕