*នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ នៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានរៀបចំពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈពង្រឹងមូលដ្ឋាន ឃុំសំរោងធំ និងឃុំគគីរធំ។ សមាសភាពអញ្ជើញចូលរួម មាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត , ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត, លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត, ក្រុមប្រឹក្សា និងគណៈអភិបាលស្រុក, កងកម្លាំងទាំងបីថ្នាក់ខេត្ត និងស្រុក, ក្រុមប្រឹក្សាឃុំ, មន្ត្រីពាក់ព័ន្ធថ្នាក់ខេត្ត និងថ្នាក់ស្រុក ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងឃុំ ប្រមាណ ជិត ១០០០ នាក់។
*គោលបំណងនៃពិធីសំណេះសំណាលនាថ្ងៃនេះគឺដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចលើកឡើងជាយោបល់ ក្តីកង្វល់ និងការប្រឈមនានាដែលពួកគាត់ជួបប្រទះមកកាន់អាជ្ញាធរដើម្បីមានវិធានការបន្ត។
*អង្គពិធីបានដំណើរការ ដោយមានអ្នកចូលរួមចំនួន ០៩ រូប បានលើកឡើងនូវយោបល់ សំណួរ សំណូមពរ និងក្តីកង្វល់ មកកាន់គណៈអធិបតី ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី, អប់រំ (អគារសិក្សា), ការស្នើសុំប័ណ្ណកម្មសិទ្ធិ, បញ្ហានេសាទ និងបទល្មើសនេសាទ, បញ្ហាគ្រឿងញៀន, ការរំលោភលើចំណីផ្លូវថ្នល់, បញ្ហាកែសំបុត្រកំណើត, ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន។ ល។
*ជាការឆ្លើយតប ឯកឧត្តម អភិបាលខេត្ត បានធ្វើបកស្រាយពន្យល់ និងឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកចូលរួមប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ដោយឆ្លុះបញ្ចាំពីគ្រប់ទិដ្ឋភាព ដោយទទួលបាននូវការជឿជាក់ពីប្រជាពលរដ្ឋ ហើយបញ្ហាមួយចំនួនដែលមិនអាចធ្វើការឆ្លើយតបនៅនឹងកន្លែង ឯកឧត្តម បានទទួលយកសំណើ និងណែនាំឱ្យអាជ្ញាធរ និងមន្ទីរ- អង្គភាពជំនាញចុះសិក្សាដើម្បីលើកជាគម្រោងច្បាស់លាស់។
*ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្តបានផ្តល់៖ អគារសិក្សា ១ ខ្នង ០៣ បន្ទប់ ដល់សាលាបឋមសិក្សាដីដុះ ស្ថិតក្នុងភូមិសំរោង ឃុំសំរោងធំ ស្រុកកៀនស្វាយ៕