នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានអញ្ជើញជាអធិបតីក្នុងទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ ។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី គណៈអភិបាលក្រុង កងកម្លាំងទាំងបីក្រុង ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមហ៊ុនឯកជន ប្រជាការពារ និងប្រជាពលរដ្ឋ ចំនួន ៧០៣ នាក់។
ក្នុងឱកាសនេះដែរ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងក្នុងមនសិការទទួលខុសត្រូវខ្ពស់របស់អស់លោក លោកស្រីទាំងកងកម្លាំងប្រដប់អាវុធមាននគបាលជាតិ កងរាជអាវុធហត្ថ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដែលបានចាប់ដៃគ្នាហ៊ានលះបង់សេចក្តីសុខផ្ទាល់ខ្លួនក្នុងការបង្ការ និងពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋ។ សម្រាប់ឆ្នាំ២០១៧ នេះ គឺជាឆ្នាំទី១ នៃការប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យនៅខេត្តកណ្តាល អនុវត្តតាមស្មារតីនៃសារាចរលេខ ០០១ សរណន ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃស្តីពីការៀបចំចាត់តាំងថ្ងៃប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ នៅថ្ងៃទី២២ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ។
ក្នុងឱកាសនេះដែរ ឯកឧត្តមបានផ្តល់អនុសាសន៍ដូចខាងក្រោម៖
+ អំពាវនាវដល់យុវជនអោយចូលរួមក្នុងការងារសង្គម ជាពិសេសជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានយល់ថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់គឺជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ
+ ពន្យល់ពីអត្តន័យនៃថ្ងៃ១៤ កុម្ភៈ គឺជាទិវានៃក្តីស្រឡាញ់ មិនមែនជាបុណ្យសង្សារដូចការយល់ឃើញរបស់យុវវ័យមួយចំនួននោះទេ
+ ណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត ត្រូវរៀបចំពង្រឹងផ្នែកបង្ការ និងពន្លត់អគ្គីភ័យ ដោយត្រូវរៀបចំជាប្រព័ន្ធច្បាស់លាស់ ទាំងសមត្ថភាពមន្ត្រី និងសម្ភារៈ ឧបករណ៍ ដែលធានាដល់ការបំពេញការងារអោយកាន់តែមានប្រសិទ្ធភាព
+ ត្រូវបន្តកិច្ចសហការជាមួយផ្នែកបង្ការ និងពន្លត់អគ្គីភ័យនៃរាជធានី ខេត្តជុំវិញ
+ ត្រូវអនុវត្តការងារក្នុងការបង្ការ និងពន្លត់អគ្គីភ័យក្នុងស្មារតីទទួលខុសត្រូវ ប្រកបដោយវិជ្ជាជីវៈ
+ ណែនាំប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងចង្ក្រាន ភ្លើងទៀនធូប ការរៀបចំតបណ្តាញអគ្គីសនី ដើម្បីជៀសវាងគ្រោះអគ្គីភ័យ
+ ណែនាំអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវត្រួតពិនិត្យមើលកន្លែងលក់ហ្គាស ស្ថានីយប្រេងឥន្ធនៈ ដោយត្រូវកំណត់ទីតាំងសមរម្យ និងមានឧបករណ៍បង្ការ និងការពារសុវត្ថិភាពនៅពេលមានអគ្គីភ័យ
+ ណែនាំអោយកងកម្លាំងបង្ការ និងពន្លត់អគ្គីភ័យត្រូវធ្វើការហ្វឹកហាត់ជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាព ជំនាញ
+ ណែនាំអាជ្ញាធរ និងសមត្ថកិច្ចជំនាញត្រូវពិនិត្យមើលការសាងសង់សំណង់ទាំងឡាយណា ត្រូវរក្សាផ្លូវដើម្បីអាចអោយឡានពន្លត់អគ្គីភ័យចេញ ចូលបាន ហើយអំពាវនាវដល់ប្រជាពលរដ្ឋរាល់ការសាងសង់សំណង់ត្រូវគោរពតាមច្បាប់ និងប្លង់ត្រឹមត្រូវ
+ ផ្តាំផ្ញើដល់សិស្សានុសិស្សត្រូវខិតខំរៀនសូត្រ និងជៀសអោយឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខនានា
+ ណែនាំស្នងការខេត្ត ត្រូវមានការថែទាំរថយន្ត និងឧបករណ៍ពន្លត់អគ្គីភ័យ និងប្រុងកម្លាំងជាប់ជាប្រចាំដើម្បីបង្ការនិងពន្លត់អគ្គីភ័យដែលអាចកើតមានជាយថាហេតុ៕