នាព្រឹកថ្ងៃទី ១៩ ខែ មករា ឆ្នាំ២០១៧ នៅសាលាខេត្តកណ្តាល មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចណ៍ផ្លូវគោកឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកណ្តាល។ សមាសភាពចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាល ក្រុង ស្រុក កងកម្លាំងទាំងបី ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ យុវជនសហភពហព័ន្ធយុវជនកម្ពុជាថ្នាក់ ខេត្ត ក្រុង ស្រុក ក្រុមយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៥៤៨ នាក់។
ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលក៏បានមានមតិផ្តាំផ្ញើ៖
– មន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវប្រកាន់យកឥរិយាបទល្អ ប្រកបដោយសីលធម៌វិជ្ជាជីវៈនៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីចៀសវាងធ្វើអោយមានការរិះគន់ពីប្រជាពលរដ្ឋ។
– ស្នើដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិសេសលេខាធិការដ្ឋាននៃអនុគណៈកម្មការនេះ ត្រូវរៀបចំដាក់អោយមាននូវស្លាកសញ្ញាចរាចរណ៍បន្ថែមទៀតនៅក្នុងខេត្ត
– ស្នើអភិបាលក្រុង ស្រុក ត្រូវរៀបចំអោយមានបង្គោលព្រំប្រទល់រដ្ឋបាលអោយបានត្រឹមត្រូវ
– ស្នើដល់លោក អភិបាល ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ត្រូវរៀបចំផ្សារអោយមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ចៀសវាងការយកចិញ្ចើមផ្លូវដើម្បីលក់ដូរ
– ស្នើដល់មន្ទីរសាធារណៈការនិងដឹកជញ្ជូន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវធ្វើការប្រជុំជាមួយម្ចាស់កំពង់ចម្លង រៀងរាល់ បី ខែម្តងដើម្បីធ្វើការត្រួតពិនិត្យទៅសៀវភៅបន្ទុកនិងការអនុវត្តភារកិច្ចទៅតាមកិច្ចសន្យា
– ស្នើអោយមានការពង្រឹងយន្តការក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀត និងត្រូវបញ្ជូលរបៀបវារៈស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន ទៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
– ត្រូវពង្រឹងរបៀបរបបការងារ និងរបបធ្វើរបាយការណ៍អោយបានច្បាស់លាស់
– លេខាធិការដ្ឋាននៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកត្រូវរៀបចំផែនការសកម្មភាពអោយបានត្រឹមត្រូវ ដោយដាក់បញ្ជូលទៅក្នុងកញ្ចប់ថវិការបស់ខេត្ត ក៏ដូចជាកញ្ចប់ថវិការបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូន
*ជាចុងបញ្ចប់ ឯកឧត្តម បានឧបត្ថម្ភថវិកាដល់៖
-មេឃុំ ចៅសង្កាត់ និងមេប៉ុស្តិ៍ ចំនួន ២៥៤នាក់
-កងកម្លាំងទាំងបី របស់ក្រុង-ស្រុក ចំនួន ៣៣នាក់
-យុវជនសហភាពសហព័ន្ធយុវជនខេត្ត ក្រុង ស្រុក ចំនួន ១២០នាក់
-យុវជនកាកបាទក្រហម ៤៦នាក់
សរុបចំនួន ៤៥៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ២ម៉ឺនរៀល សរុបថវិកា ៩.០៦០.០០០រៀល៕