ក្នុងឱកាសចូលរួមអបអរសាទរ ខួបលើកទី៣៧ថ្ងៃជ័យជំនះ ៧មករា ដែលជាថ្ងៃកំណើត ទី២ របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅព្រឹកថ្ងៃទី០៦ ខែ មករា ឆ្នាំ២០១៧ ឯកឧត្តម គឹម រិទ្ធីអភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តកណ្តាល តំណាងឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាទូទាំងប្រទេស បានអញ្ជើញប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលជូនជនរងគ្រោះ និងអតីតយុទ្ធជនដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដើម្បីរំលឹកខួបអនុស្សាវរីយ៏លើកទី ៣៨ នៃទិវាជ័យជំនះ ៧មករា ហើយដែលពិធីនេះ រួមជាមួយ សមាជិក សមាជិកាក្រុមការងារយុវជន មន្រ្តីរាជការ ក្នុងខេត្តកណ្តាល ប្រមាណជាង ៥០០នាក់ បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។ ហើយការមានថ្ងៃនេះ ក៏គឺដោយសារការ ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុនសែន ដែលនាំមកនូវសុខសន្តិភាព ពេញបរិបូរណ៍ រួមជាមួយការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដូច្នេះ «ថ្ងៃ ៧មករា ជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស»។
ឯកឧត្តម គឹម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តកណ្តាលបានលើកឡើងបន្តថា ថ្ងៃជ័យជំនះ៧មករា ឆ្នាំ១៩៧៩ គឺបាននាំអោយ ប្រទេសជាតិទាំងមូល ដែលគ្រប់បណ្តារហេដ្ឋារចនាសម្ព័ន្ធក្នុងសង្គម រងការវិនាសហិនហោចដល់ឬសគល់ដោយសារភ្លើងសង្គ្រាមផង ពិសេសការបំផ្លិចបំផ្លាញក្នុងរបបប្រល័យពូជសាសន៏ប៉ុលពត អោយរស់ឡើងវិញ និងបាននាំជិវិតរស់រានសារជាថ្មីជូនប្រជាជនកម្ពុជារាប់លាននាក់ អោយបានរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ ហើយដែលបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនរហូតមកដល់ពេលបច្ចុប្បន្ន។ ទាំងនេះគឺដោយសារតែការលះបង់របស់សម្តេចហេង សំរិន សម្តេច ជាស៊ីម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា រួមជាមួយ យុទ្ឋជន យុទ្ឋ នារីជាច្រើននាក់ទៀត ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងការផ្តួលរលំរបប ប្រល័យពូជសាសន៍ ប៉ុលពត នា ថ្ងៃ៧មករា ហើយដែលយើងទាំងអស់គ្នាចងចាំ និងចាត់ទុកជាថ្ងៃកំណើតទី២ របស់ យើងហើយដែលទិវានេះត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្តផងដែរ។