នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤ អាណត្តិទី២ ឆ្នាំ២០១៧ ក្នុងក្រុងតាខ្មៅ ក្រោមអធិបតីភាពរបស់ ឯ.ឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯ.ឧ ម៉ៅ ភិរុណ អភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាសង្កាត់ មេភូមិនៃក្រុងតាខ្មៅ និងប្រជាពលរដ្ឋ ប្រមាណជាង ៥០០ នាក់។
*អង្គវេទិកាបានដំណើរការ ទៅតាមកម្មវិធីដែលបានគ្រោងទុកតាមរយៈ ៖
+ការបង្ហាញពីគោលបំណងនៃអង្គវេទិកា, ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងរបាយការណ៍ឆ្លើយតបក្នុងវេទិកាឆ្នាំមុន ពីសំណាក់ ឯ.ឧ ប្រធានក្រុមប្រឹក្សាខេត្ត។
+ ការជម្រាបជូននូវរបាយការណ៍សង្ខេបសមិទ្ធផលសម្រេចបាន៩ខែ ឆ្នាំ២០១៧របស់រដ្ឋបាលខេត្ត , ក្របខណ្ឌនៃកំណែទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ និងលិខិតបទដ្ឋានពាក់ព័ន្ធដែលតម្រូវអោយក្រុមប្រឹក្សាត្រូវរៀបចំធ្វើវេទិកាដែលជាមុខងារជាកាតព្វកិច្ច ដើម្បីធ្វើគណនេយ្យភាព និងការឆ្លើយតបចំពោះប្រជាពលរដ្ឋ, បន្តគូសបញ្ជាក់ពីសេនារីយ៉ូនៃការធ្វើបដិត្តពណ៌ និងគ្រោះមហន្តរាយដែលកើតចេញពីបដិវដ្តពណ៌នៅបណ្តាប្រទេសមួយចំនួន, គម្រោងនានាដែលបាននឹងកំពុងអនុវត្តនៅក្នុងក្រុងតាខ្មៅ ពីសំណាក់ឯ.ឧ អភិបាលខេត្ត។
+ព្រមទាំងមានអ្នកចូលរួមចំនួន ១៥ នាក់ ស្រី០៨ នាក់ បានលើកឡើងជាសំណួរ សំណូមពរ កង្វល់ បញ្ហាប្រឈម និងការសរសេរជាលាយល័ក្សអក្សរមួយចំនួនទៀតមកកាន់វេទិកា ដែលពាក់ព័ន្ធទៅនឹង
បញ្ហាអគ្គីសនី, លូបង្ហូរទឹក, បញ្ហាកម្មសិទ្ធដីធ្លី, ផ្លូវ, សំរាម, ប្រាក់ខែកម្មករ, ការបំពុលបរិស្ថាន, ទឹកស្អាត និងសំណូមពរសូមអោយសហរដ្ឋអាមេរិកលុបបំណុល និងជួយដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះអោយអស់ពីលើទឹកដីកម្ពុជា ។ ល។
*ជាលទ្ធផល ឯកឧត្តមអភិបាលខេត្ត បានធ្វើការឆ្លើយតប និងដោះស្រាយភ្លាមៗនៅនឹងកន្លែងនូវបញ្ហាមួយចំនួនធំ។ ដោយឡែកបញ្ហាទាំងឡាយណា ដែលពុំអាចដោះស្រាយនៅនឹងន្លែងបាន ឯកឧត្តមគណៈអធិបតីបានទទួលយកចាត់ចែងអោយជំនាញចុះទៅសិក្សាស្រាវជ្រាវ និងធ្វើការឆ្លើយតប និងដោះស្រាយជូនទៅតាមលទ្ធភាព និងផែនការជាក់លាក់។
*ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលបានអំពាវនាវ និងណែនាំ អោយអាជ្ញាធរ និងប្រជាពលរដ្ឋត្រូវរួមសហការគ្នាក្នុងការអភិវឌ្ឍក្រុងតាខ្មៅ ដើម្បីត្រៀមឆ្ពោះទៅកាន់ការធ្វើជាម្ចាស់ផ្ទះក្នុងបុណ្យទន្លេ និងការប្រកួតប្រជែងទីក្រុងស្អាត តាមរយៈ៖
+ អំពាវនាវប្រជាពលរដ្ឋកុំអោយយកចិញ្ចើមផ្លូវ ធ្វើអាជីវកម្ម
+ សំណូមពរប្រជាពលរដ្ឋលាបរបងផ្ទះអោយបានស្អាត
+ ស្នើក្រុមការងារ និងជំនាញ ត្រូវជំរុញអោយការអនុវត្តគម្រោងនានា អោយបានរហ័ស ហើយបញ្ចប់មុនបំណាច់ឆ្នាំ២០១៧៕