នាព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៧ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បានរៀបចំពិធីរុក្ខទិវា ថ្នាក់ខេត្ត អបអរសាទររុក្ខទិវាថ្នាក់ជាតិ ៩ កក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភព ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រមប្រឹក្សា គណៈអភិបាលក្រុង មន្រ្តីរាជការជុំវិញក្រុង សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន ១០០០ នាក់។
សម្រាប់ឆ្នាំ២០១៧ នេះ ជាលើកទី២១សម្រាប់ខេត្តកណ្ដាល និងជាលើកទី៣សម្រាប់ក្រុងតាខ្មៅ ដែលរៀបចំពិធីរុក្ខទិវា ហើយឆ្នាំនេះខេត្តកណ្តាលយើងមានកិត្តិយសដែលត្រូវរៀបចំប្រារព្ធពិធីរុក្ខទិវាចំនួន០២ គឺថ្នាក់ខេត្ត និងថ្នាក់ជាតិ។ ដោយឡែក រុក្ខទិវាថ្នាក់ខេត្ត ដែលយើងកំពុងប្រារព្ធនាឱកាសនេះ គឺយើងបានសម្រេចជ្រើសយកកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូលលោកតាម៉ៅរហូតដល់ព្រំប្រទល់ក្រុងតាខ្មៅ និងស្រុកស្អាង ដែលមានប្រវែង ៥.១០០ ម៉ែត្រ ដាំដើមឈើសរុបបានចំនួន ១ ១០៧ ដើម។ ក្នុងនោះ ចាប់ពីរង្វង់មូលលោកតាម៉ៅ រហូតដល់បន្ទាយទួលក្រសាំង យើងបានដាំដើមឥន្ទនេលចំនួន ២០៧ ដើម និងពីបន្ទាយទួលក្រសាំងទៅព្រំប្រទល់ក្រុងតាខ្មៅ និងស្រុកស្អាង បានដាំដើមឈើព្រៃធម្មជាតិ ចំនួន ៦០០ ដើម។ ទន្ទឹមនឹងនេះ យើងក៏បានដាំតាមរបង និងក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បន្ថែមទៀត បានចំនួន ៣០០ដើម ដោយប្រើប្រាស់ប្រភេទឈើព្រៃធម្មជាតិ រួមមាន ក្រញូង បេង ធ្នង់ គគីរ ឈើទាល ក្នុងគោលបំណងបង្កើនសោភ័ណភាព បង្កើតម្លប់ពណ៌បៃតងតាមដងផ្លូវ និងបរិវេណសាលា ឲ្យមានបរិយាកាសល្អសំរាប់ពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ជាពិសេសគឺជួយកែប្រែបរិយាកាស ធម្មជាតិឱ្យកាន់តែល្អប្រសើរថែមទៀតផង។
នៅក្នុងពិធីនេះ ខណ្ឌរដ្ឋបាលព្រៃឈើកណ្តាលក៏បានត្រៀមកូនឈើចំនួន ២.៥០០ ដើមទៀតដែលជាឈើរយៈពេលវែង និងឈើហូបផ្លែសម្រាប់ចែកជូន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ដែលបានអញ្ជើញមកចូលរួម។
ក្នុងឱកាសនេះដែរ ឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នាក្នុងដាំដើមឈើ និងថែរក្សាដើមឈើដែលបានដាំរួចហើយអោយបានគង់វង្សល្អ។