នាព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីបញ្ជុះខណ្ឌសីមាព្រះវិហារនិង សម្ពោធដាក់អោយប្រើប្រាស់នូវសមិទ្ធផលនានានៅក្នុងវត្តពោធិអណ្តែត នៅភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សមាសភាពអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ក្រុមការងារចុះជួយមូលដ្ឋានឃុំ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក មេឃុំគ្រប់ឃុំ យាយជីតាជី លោកគ្រូ អ្នកគ្រូ យុុវជនកាយរឹទ្ធយុុវជនកាកបាទក្រហម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុប ចំនួន ៣៦៤២ នាក់។
គួរបញ្ជាក់ផងដែរថា វត្តពោធិអណ្តែតត្រូវបានកកើតឡើងតាំងពីឆ្នាំ១៩១៣ ហើយព្រះវិហារដែលត្រូវរៀបចំពិធីកាត់ខ្សែបូ និងកាត់ឫសសីមានាពេលនេះ មានបណ្ដោយ ២២ ម៉ែត្រ ទទឹង ១១ ម៉ែត្រ កម្ពស់២៣ ម៉ែត្រ ដែលត្រូវបានសាងសង់រួចរាល់ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៦ ចំណាយថវិកា អស់ ៤៥៣.៥០៨ ដុល្លា ជាសទ្ធាជ្រះថ្លា របស់ ឧបាសក ឧបាសិកា សប្បុរសជន ព្រមទាំងពុទ្ធបរិស័ទ គ្រប់ទិសទីចូលរួមកសាង ។
ជាមួយនេះ ក្រៅពីសមិទ្ធផលនៅក្នុងវត្តពោធិអណ្តែត នៅក្នុងស្រុកស្អាងក៏នៅមានសមិទ្ធិផលជាច្រើនទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា របស់អភិបាល នៃគណៈអភិបាលខេត្ត របស់ក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុក ឃុំ ភូមិ ត្រូវបានកសាងឡើងជាបន្តបន្ទាប់ឥតឈប់ឈរ ព្រមទាំងជួយលើការងារមនុស្សធម៌ជាច្រើនទៀត ដែលជាសក្ខីភាពឆ្លុះបញ្ចាំង ឲ្យឃើញនូវលទ្ធផលរីកចំរើននៃការអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។