ឯកឧត្តម សុខ ឥសាន បញ្ជាក់ពីមូលហេតុលើទឹកដីកម្ពុជា មានវៀតណាមរស់នៅ ក្នុងខ្សែបន្ទាត់ព្រំដែនកម្ពុជា និងបញ្ជាក់ពីមូលហេតុ ក្នុងការដោះដូរដី…


sok-esan-3-6-2016

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា កម្ពុជា កូសាំងស៊ីន និងទ្បាវ ព្រមទាំងវៀតណាមស្ថិតនៅក្រោមនឹមអាណានិគមនិយមបារាំងជិត ១០០ ឆ្នាំ ។ ស្ថិតនៅក្រោមម្ចាស់តែមួយ ប្រជាជនបានកាប់ឆ្ការដីកាន់កាប់ដោយមិនបានគិតពីខ្សែព្រំដែនទេ ។ ប៉ុន្តែនៅពេលបណ្តាប្រទេសបានឯករាជ្យ ប្រទេសនីមួយៗចាប់គិតពីខ្សែបន្ទាត់ព្រំដែន ។ ខ្សែបន្ទាត់ព្រំដែន ផ្អែកលើផែនទីដែលបារាំងគូសលើផែនទី ខ្នាត១លើ ១០០០០០ ដែលផែនទីនេះគូសមិនបានគិតពីកាន់កាប់របស់ប្រជាជនទេ ។ ដូច្នេះហើយបានជា ពេលដែលខ្សែព្រំដែនរត់លើដីជាក់ស្តែង វាបានរត់តាមខ្សែព្រំដែនលើផែនទី ។ ដូច្នេះ នៅលើដីជាក់ស្តែង វាមានប៉ះពាល់ឬ ដីដែលប្រជាជនកាន់កាប់ ត្រូវចេញ ចូលពីខ្សែព្រំដែន។ ហេតុនេះហើយបានជា ពេលបោះបង្គោលព្រំដែនរួច មានដីប្រជាជនកម្ពុជាចូលទៅក្នុងដែនដីវៀតណាមប្រមាណជាង ២០០០ហិចតា ដីប្រជាជនវៀតណាមកាន់កាប់ ចូលមកក្នុងដែនដីកម្ពុជា ជាង ១០០០ ហិចតា ។
ឯកឧត្តម បានបន្តថា ដើម្បីការពារផលប្រយោជន៍របស់ប្រជាជនប្រទេសទាំងពីរ រដ្ឋាភិបាល ប្រទេសទាំងពីរបានឯកភាពគ្នាធ្វើការដោះដូរដីដែលចូលទៅវិញទៅមកនោះ តាមទំហំជាក់ស្តែង ។ នេះជានយោបាយការពារផលប្រយោជន៍ ប្រជាជនផង ការពារបូរណភាពដែនដីផង ដោយស្មើភាព សន្តិវិធី និងយោគយល់គ្នាក្នុងនាមជាប្រទេសភូមិផងរបងជាមួយ ។