នារសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅស្រុកកោះធំ មានរៀបចំពិធីប្រកាសផ្ទេរនិងចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ច្រកទ្វារតំបន់ព្រែកស្បូវ និងច្រកតំបន់ព្រែកជ្រៃ_ព្រែកទន្លា ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំង និងមន្ត្រីពាក់ព័ន្ធ ១៧០នាក់។
ឯកឧត្តម បានផ្តាំផ្ញើដូចខាងក្រោម៖
+ត្រូវ ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងចំណោមមន្រ្តីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ដោយត្រូវខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមស្មារតីអនុក្រឹត្យលេខ ៦៤ អនក្រ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០១ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់ និងការគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
+ត្រូវលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានា និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ របស់មន្រ្តីម្នាក់ៗផ្អែកតាមតួនាទី ភារកិច្ចរបស់ខ្លួន និងត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយ ។
+ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំង៤ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល» ដើម្បីសម្រេចបាននូវសមិទ្ធផលនានាជូនអង្គភាព និងប្រជាពលរដ្ឋ។
+ត្រូវចេះធ្វើការសម្របសម្រួលក្នុងការផ្តល់សេវាសាធារណៈ ប្រកបដោយជំនឿទុកចិត្តជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅជាប់ព្រំដែនក្នុងការប្រកបអាជីវកម្ម ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែន។
+ត្រូវធ្វើជាយន្តការសម្របសម្រួល និងសហប្រតិបត្តិការស្មើភាពជាមួយខេត្ត ស្រុក ឃុំ បណ្តាអង្គភាពជំនាញ ជាមួយនឹងអង្គភាពនានា របស់ខេត្តអានយ៉ាង នៃប្រទេសវៀតណាម។
+អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនានា និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលឈរ ជើងនៅតាមបណ្តោយព្រំដែន សូមបន្តពង្រឹងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរក្សានូវស្ថានភាព ដដែលនៅតាមតំបន់ព្រំដែន ដែលពុំទាន់បានខណ្ឌសីមា និងបោះបង្គោលព្រំដែនរួចរាល់ជាផ្លូវការ។
+សហការជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសជាមួយគណៈបញ្ជាការឯកភាពស្រុក ក្នុងការលុបបំបាត់ឲ្យមានប្រសិទ្ធភាពនូវប៉ុស្តិ៍ត្រួតពិនិត្យអាណាធិបតេយ្យ ដាច់ខាតមិនឲ្យកើតមាន ដែលអាចនាំឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និងបងប្អូនអាជីវករ។