*នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅវត្តខេមររាជការាម (វត្តប៉ាកណាម) ស្ថិតក្នុងភូមិបាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល មានរៀបចំពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង ២៤៣៨ ម៉ែត្រ ទទឹង៦ ម៉ែត្រ កម្រាស់ ០,២០ ម៉ែត្រ ក្នុងភូមិបាក់ណាម ឃុំព្រែកជ្រៃ ក្រោមអធិបតីភាព ឯ.ឧ ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល, ឯកឧត្តម ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ និងឯ.ឧ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភ័ស្តុភារ និងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ។ សមាសភាពអញ្ជើញចូលរួម មាន៖ ឯកឧត្តម លោកជំទាវក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកជ្រៃ, ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត, លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, ក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក, ក្រុមប្រឹក្សាឃុំ មន្ត្រីពាក់ព័ន្ធ ប្រជាពលរដ្ឋសរុបចំនួន ៧៣០ នាក់។
*មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ឯ.ឧ អភិបាលខេត្តបានគូសបញ្ជាក់ថាផ្លូវបេតុងប្រវែង
២ ៤៣៨ ម៉ែត្រ នេះ គឺជាការឆ្លើយរបស់ឯកឧត្តមអភិបាលខេត្តទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋក្នុងភូមិបាក់ណាម នៅក្នុងពិធីបញ្ចុះបឋមសិលាកសាងក្លោងទ្វារវត្តខេមររាជការាម ហៅវត្តប៉ាកណាម ស្ថិតនៅក្នុងភូមិបាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
*ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានណែនាំដល់កងវិស្វកម្ម និងអាជ្ញាធរដែនដី ក៏ដូចជាប្រជាពលរដ្ឋ ដូចខាងក្រោម៖
+ ផ្តាំផ្ញើដល់កងវិស្វកម្ម ដែលជាអ្នកទទួលរ៉ាប់រងទាំងស្រុងក្នុងសាងសង់ផ្លូវនេះ ត្រូវគោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេស ធានានូវគុណភាព និងសុវត្ថិភាព ហើយអនុវត្តឲ្យបានហ្មឺងម៉ាត់នូវពេលវេលា ដែលត្រូវបញ្ចប់ការដ្ឋាន។
+ ជំរុញដល់អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវផ្តល់ការគាំទ្រ សហការ ព្រមទាំងផ្តល់កិច្ចការពារថែរក្សាសម្ភារៈ និងទ្រព្យសម្បត្តិ ក៏ដូចជាសុវត្ថិភាពរបស់អ្នកបច្ចេកទេសរបស់កងវិស្វកម្ម ក្នុងអំឡុងពេលនៃដំណើរការសាងសង់ផ្លូវនេះ។
+ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលអាចរងផលប៉ះពាល់ពីការអនុវត្តគម្រោងសាងសង់ផ្លូវនេះ សូមមេត្តាយោគយល់អធ្យាស្រ័យ និងសហការជាមួយអាជ្ញាធរ ក៏ដូចជាអ្នកទទួលការ ចំពោះផលប៉ះពាល់លើដីធ្លី ដំណាំ របង ព្រមទាំងបញ្ហាប្រឈមនានាដែលអាចកើតមានឡើងក្នុងអំឡុងពេលនៃការអនុវត្តគម្រោងសាងសង់។
+ អំនាវនាវប្រជាពលរដ្ឋ និងសិស្សនុសិស្សត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងល្បែងសុីសងគ្រប់ប្រភេទ
*ជាទីបញ្ចប់ ឯកឧត្តមគណៈអធិបតី បានផ្តល់ និងឧបត្ថមដូចខាងក្រោម៖
+ ផ្តល់អាគារសាលាឃុំ០១ អគារ ដល់ឃុំព្រែកជ្រៃ អនុវត្តក្នុងឆ្នាំ២០១៧
+ ប្រគេនសុីម៉ង់ត៍ ១០ តោន សម្រាប់សាងសង់សាលាឆាន់ក្នុងវត្តបាក់ណាម
+ ប្រគេនបច្ច័យចំនួន ១៣១០ ០០០៛ និង៣៤៥ ដុល្លារ ដលវត្តបាក់ណាម សម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សា
+ ឧបត្ថម្ភថវិកាដល់អ្នកចូលរួម ទាំង ៧៣០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១ មុឺនរៀល៕