ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកកៀនស្វាយ ក្រោមអធិបតីភាព ឯឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត, ឯឧ ខឹម ច័ន្ទគិរី អភិបាលខេត្តរង នៅក្នុងបរិវេណវត្តជ័យមង្គល ឃុំសំរោងធំ ដោយមានការចូលរួមពីមន្ត្រីរាជការខេត្ត-ស្រុក-ឃុំ និងប្រជាពលរដ្ឋ សរុប ៥០០នាក់ ។ ក្នុងឱកាសនោះ សមាជិកអង្គវេទិកា ៥នាក់ បានឡើងមានមតិពាក់ព័ន្ធ និងលិខិតមួយចំនួន លើកសំណូមពរ និងមានការឆ្លើយតបបំភ្លឺតាមចំណុច ដូចខាងក្រោម ៖
*ស្នើសុំអគារសាលាឃុំដីឥដ្ឋ១ខ្នង ។ ខេត្តទទួលយក និងបញ្ចូលក្នុងគម្រោងអាទិភាពថវិកាឆ្នាំ២០១៨ ។
*សុំជួយទប់ស្កាត់រថយន្តដឹកធ្ងន់តាមផ្លូវស្រែអំពិល និងកាប់មែកឈើអមសង្ខាងផ្លូវនេះ ។ ខេត្ត ប្រគល់ភារកិច្ចឲ្យ អាជ្ញាធរស្រុក-ឃុំ និងសមត្ថកិច្ចជំនាញចាត់ការ តាមសភាពជាក់ស្តែង ។
*សំណើសុំជួសជុលផ្លូវស្រែអំពិល។ មន្ទីរសាធារណការ បានសម្របសម្រួលជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីលើកគម្រោងជួសជុលស្នើសុំទៅក្រសួងសាមី។
*ស្នើសុំទ្វារទឹកចុងខ្សាច់ ៖ មន្ទីរធនធានទឹក នឹងខិតខំរកថវិកាជួយដោះស្រាយ ។
*សុំតទឹកស្អាត មុនធ្វើផ្លូវបេតុងក្នុងឃុំបន្ទាយដែក ៖ ប្រគល់ភារកិច្ចឱ្យមន្ទីរឧស្សាហកម្ម ពិភាក្សាជាមួយម្ចាស់អាជីវកម្ម ។
*សុំជួយដោះស្រាយបញ្ហា គ្រឿងចក្រ របស់ក្រុមហ៊ុនផាន អ៊ី មិច ដែលប្រុងនឹងជីកទំនប់ក្រវ៉ាត់សម្គាល់ព្រំដី ៖ ប្រគល់ភារកិច្ចឱ្យអាជ្ញាធរស្រុក-ឃុំ ចុះពិនិត្យស្រាវជ្រាវ ធ្វើរបាយការណ៍ ជូនខេត្ត។
*សុំមានវិធានការទប់ស្កាត់បទល្មើសជលផល និងល្បែងជល់មាន់ក្នុងឃុំសំរោងធំ ៖ ប្រគល់ភារកិច្ចជូនសមត្ថកិច្ច នគរបាល អាវុធហត្ថ មន្ត្រីជលផល និងអាជ្ញាធរស្រុក-ឃុំ មានវិធានការទប់ស្កាត់ និងបង្ក្រាបឱ្យបានដាច់ខាត។
*ដោយឡែក បញ្ហាសុំដោះស្រាយទំនាស់ដី ៨៥០ហត របស់ប្រជាជនជាង ៣០០គ្រួសារ នៅឃុំសំរោងធំ និងការសុំថវិកាសាងសង់ទ្វារព្រះវិហារ វត្តជ័យមង្គល, ខេត្ត សូមទទួលយកទៅពិនិត្យ និងសុំមតិដឹកនាំពី ឯឧអភិបាលខេត្ត។