ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ ឯកឧត្តម ម៉ម សុផាន់ណា ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨


នាព្រឹក ថ្ងៃព្រហស្បត្តិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ ឯកឧត្តម ម៉ម សុផាន់ណា ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នៅសាលាខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ តំណាងគ្រប់ អគ្គនាយកដ្ឋាន និងអគ្គាធិការដ្ឋាន, ឯកឧត្តម អភិបាលរងខេត្ត, លោកអភិបាលក្រុង ស្រុក, លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ចៅសង្កាត់ក្នុងក្រុងតាខ្មៅ និងមន្រ្តីរាជការ ចំនួន ២៤៥នាក់។
*ឯកឧត្តមអភិបាល មានអនុសាសន៍ផ្តាំផ្ញើដល់មន្រ្តីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដូចខាងក្រោម៖
-ត្រូវអភិវឌ្ឍន៍ស្ថាប័នឱ្យបានល្អប្រសើរ ដោយត្រូវជំរុញលើការធ្វើនិយ័តកម្ម ការឡើងថ្នាក់ ឋានន្តរស័ក្តិ ប្រាក់កម្រិតមុខងារឱ្យបានឆាប់, បើកប្រាក់បៀវត្សឱ្យបានទាន់ពេល, ត្រូវពង្រឹងការគ្រប់គ្រងមន្រ្តីឱ្យស្របតាមច្បាប់ ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៉ីវិល និងត្រូវពង្រឹងចំណេះដឹងបន្ថែមជូនដល់មន្រ្តូី ទាំងច្បាប់បទដ្ឋានថ្មីៗ ចំណេះដឹងជំនាញ និងនយោបាយឱ្យបានច្បាស់
-ត្រូវពង្រឹងការងារគ្រប់គ្រងរដ្ឋបាលដីធ្លី ទៅលើការងារអនុវិស័យដីធ្លី ការចុះបញ្ជីដីដែលមានលក្ខណៈជាប្រព័ន្ធ ជម្រះបញ្ជីដែលកក់ស្ទះ ធ្វើបច្ចុប្បន្នភាពទិន្ននីយភូមិសាស្រ្ត ចុះបញ្ជីដីរដ្ឋដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងដីរដ្ឋ និងខិតខំដោះស្រាយវិវាទដីធ្លី
-ត្រូវពង្រឹងការងាររៀបចំដែនដី និងនគរូបនីយកម្ម ដោយត្រុូវបន្តកសាងផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដីធ្លី និងផែនការប្រើប្រាស់ដីធ្លី
-ត្រូវពង្រឹងការគ្រប់គ្រងវិស័យសំណង់ ដែលមានភាពអសកម្ម និងភាពមិនប្រក្រតី ដោយត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធធ្វើការណែនាំ និងផ្សព្វផ្សាយច្បាប់ អនុក្រឹត្យ ប្រកាស លិខិតបទដ្ឋាន និងឯកសារគតិយុត្តផ្សេងៗ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព និងត្រូវណែនាំការិយាល័យជំនាញ ឱ្យទទួលខុសត្រូវលើការតាមដានអនុវត្តច្បាប់ទាំងនេះ ព្រមទាំង ត្រូវសហការជាមួយរដ្ឋបាលមូលដ្ឋាន ចាត់វិធានការលើសំណង់គ្មានលិខិតអនុញ្ញាត
-ត្រូវពង្រឹងការងារផ្តល់សេវាសាធារណៈរបស់ក្រសួង ឱ្យកាន់តែល្អប្រសើរ និងជឿទុកចិត្ត ស្របតាមគោលដៅនៃកំណែទម្រង់របស់រាជរដ្ឋាភិបាល។
-មន្រ្តីរាជការសាធារណៈ ត្រូវប្រកាន់នូវមនសិការវិជ្ជាជីវៈ ចំនួន៣ គឺ ១. ត្រូវតម្កល់ផលប្រយោជន៍ជាតិ ប្រយោជន៍សាធារណៈ និងប្រយោជន៍ប្រជាជនជាធំ ២. បំពេញការងារឱ្យស្របតាមចំណេះដឹង ជំនាញ ឱ្យបានពិតប្រាកដ ៣. បំពេញការងារដោយទទួលខុស និងត្រូវ៕

04-01-2018 (1) 04-01-2018 (2) 04-01-2018 (3) 04-01-2018 (4)