នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅសាលាខេត្ត ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអនុញ្ញាតឲ្យសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលដឹកនាំដោយលោកស្រី ស្រូយ សុជាតិ ទីប្រឹក្សាក្រុមប្រឹក្សាភិបាល សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម ក្នុង ឱកាសដែលសមាជិកសមាគមនឹងត្រូវចាកចេញទៅចូលរួមក្នុងកម្មវិធីយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (ហៅកាត់ថា SSEAP) នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ខាងមុខ។
ក្រៅពីថ្លែងការស្វាគមន៍ និងសេចក្តីរីករាយដែលបានជួបសំណេះសំណេះជាមួយថ្នាក់ដឹកនាំនិងសមាជិកសមាគមនាឱកាសនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការគាំទ្រចំពោះប្រធានបទ “ការស្លៀកពាក់ និងការតុបតែង” ដែលក្រុមយុវជនលើកយកទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ាន ឯកឧត្តមក៏បានមានប្រសាសន៍លើកឡើងអំពីប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជានៅសម័យមហានគរដ៏រុងរឿងដែលបុព្វបុរសយើងបានកសាងនូវប្រាសាទ រាប់ពាន់នៅទូទាំងប្រទេសដែលបញ្ជាក់ពីប្រទេសរបស់យើងជាប្រទេសអ្នកមាន សម្បូរដោយអ្នកប្រាជ្ញ ហើយមានអរិយ្យធម៌ខ្ពង់ខ្ពស់ឆើតឆាយ។ ប៉ុន្តែក្រោយសម័យអង្គរប្រទេសតែងជួបប្រទះជាញឹកញាប់នូវសង្គ្រាមទាំងផ្ទៃក្នុង និងជាមួយប្រទេសជិតខាង ដែលនាំឲ្យប្រទេសកាន់តែធ្លាក់ទន់ខ្សោយ ធ្លាក់ក្រោមអណានិគមបរទេស ព្រមទាំងជួបប្រទះនូវសោកនាដកម្មពុំធ្លាប់មានក្នុងសម័យប៉ុល ពត។ ក្នុងនោះប្រទេសកម្ពុជាត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ១៩៧៩ ហើយទទួលបាននូវសុខសន្តិភាពពេញលេញនៅអំឡុងឆ្នាំ១៩៩៨-១៩៩៩ តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ការដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ, យុទ្ធសាស្រ្តចតុកោណទាំងបីដំណាក់កាល និងកម្មវិធីនយោបាយផ្សេងៗរបស់រាជរដ្ឋាភិបាល ដែលបាននាំមកឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយជីវភាពប្រជាពលរដ្ឋកាន់តែត្រូវបានលើកកម្ពស់ជាលំដាប់។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលក៏ផ្តាំផ្ញើដល់ក្មួយៗនៃសមាគមនាវាយុវជនកម្ពុជាត្រូវខិតខំរៀនសូត្រ បង្កើនចំណេះដឹងដើម្បីក្លាយជាទំពាំងដ៏ល្អសម្រាប់ស្នងឬស្សីនាពេលអនាគត ហើយក្នុងឱកាសនៃការចូលរួមក្នុងកម្មវិធីយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន រយៈពេល៥២ ថ្ងៃខាងមុខ ត្រូវខិតខំផ្សព្វផ្សាយលើកកម្ពស់នូវកិត្យានុភាពរបស់ប្រទេសជាតិ និងថ្នាក់ដឹកនាំរបស់ប្រទេសជាតិទៅកាន់ឆាកអន្តរជាតិ, ធ្វើខ្លួនឲ្យមានតម្លៃដើម្បីលើកមុខមាត់ប្រទេសជាតិ, និងត្រូវធ្វើការផ្សព្វផ្សាយអំពីអត្តសញ្ញាណជាតិ ប្រពៃណី វប្បធម៌ អរិយធម៌ ការស្លៀកពាក់របស់ខ្មែរ ព្រមទាំងបានជូនពរឲ្យដំណើរបំពេញបេសកកម្មទទួលបាននូវជោគជ័យ និងសុខសុវត្ថិភាព។