*នារសៀលថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០១៧ នៅសាលាសង្កាត់តាខ្មៅ បានរៀបចំពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សានិងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាចៅសង្កាត់ ចៅសង្កាត់រងទី១ ចៅសង្កាត់រងទី២ នៃរដ្ឋបាលសង្កាត់តាខ្មៅ ក្នុងអាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវសមាជិកក្រុម្រឹក្សាខេត្ត លោក លោកស្រី គណៈអភិបាលក្រុងតាខ្មៅ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ស្មៀនសង្កាត់, តំណាងគណបក្សនយោបាយ, តំណាងអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ, តំណាងគណៈកម្មាធិការ និងគណៈកម្មការនានារបស់សង្កាត់ និងប្រជាពលរដ្ឋ សរុបចំនួន ៣០០ នាក់។
*ក្នុងឱកាសនោះ ឯ.ឧ បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា អស់លោកដែលទើបបានជាប់ឆ្នោតថ្មី និងលោកស្រី អស់លោកដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាសង្កាត់ ក្នុងអាណត្ដិទី៤នេះ ពិតជានឹងចូលរួមបញ្ចេញអស់នូវសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ដ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងសង្កាត់ របស់ខ្លួន។ ដោយឡែក ឯ.ឧ អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់លោកស្រី អស់លោក ដែលជាចៅសង្កាត់ ចៅសង្កាត់រង និងក្រុមប្រឹក្សាសង្កាត់ត្រូវយកចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល និងត្រូវបំពេញការងារដោយស្មារតីសាមគ្គីភាព យោគយល់គ្នា និងបន្តរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីអោយសង្កាត់តាខ្មៅកាន់តែមានការអភិវឌ្ឍន៍បន្ថែមទៀត៕