នៅវត្តសំរោងធំ​ ភូមិសំរោងក្អែរ​ ឃុំសំរោងធំ ស្រុកកៀនស្វាយ​ ខេត្តកណ្តាល​ មានរៀបចំ​ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ចំនួន​ ៥​ ភូមិ


នាព្រឹកថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០១៧​ នៅវត្តសំរោងធំ​ ភូមិសំរោងក្អែរ​ ឃុំសំរោងធំ ស្រុកកៀនស្វាយ​ ខេត្តកណ្តាល​ មានរៀបចំ​ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ចំនួន​ ៥​ ភូមិ គឺ​ ភូមិព្រែកត្រែង​ ភូមិព្រែកត្រែង២​ ភូមិសំរោងក្អែរ​ ភូមិសំរោងក្អែរ២​ ភូមិសំរោងក្អែរ៣​​ ឃុំសំរោងធំ​ ស្រុកកៀនស្វាយ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ និង​ ង៉ោ​ សុវណ្ណ​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ រដ្ឋលេខាក្រសួងយុត្តិធម៌​ និងជាប្រធានគណៈពង្រឹងមូលដ្ឋានឃុំសំរោងធំ​ និងឃុំគគីរធំ។ សមាសភាពអញ្ជើញចូលរួម​ មាន៖​ ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ ,​ ឯកឧត្តម​ លោកជំទាវ​អភិបាលរងខេត្ត,​ លោក​ លោកស្រីប្រធាន​ អនុប្រធានមន្ទីរ​ អង្គភាព​ ជុំវិញខេត្ត,​ ក្រុមប្រឹក្សា​ និងគណៈអភិបាលស្រុក​,​ កងកម្លាំងទាំងបីថ្នាក់ខេត្ត​ និងស្រុក,​ ក្រុមប្រឹក្សាឃុំ​,​ មន្ត្រីពាក់ព័ន្ធថ្នាក់ខេត្ត​ និងថ្នាក់ស្រុក​ ព្រះសង្ឃ​ និងប្រជាពលរដ្ឋ ប្រមាណ​ ជិត​ ១១២៥​ នាក់។
*បន្ទាប់ពីរបាយការណ៍ស្តីពីស្ថានភាពទូទៅ​ ស្ថានភាពសេដ្ឋកិច្ច​ សង្គមកិច្ច​ សន្តិសុខសណ្តាប់ធ្នាប់​ ការងារត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​ ការងារអភិវឌ្ឍមូលដ្ឋាន​ ការងារផ្តល់សេវាជូនប្រជាពលរដ្ឋ​ ការប្រឈម​ និងសំណូមពរ​ ក្នុងឃុំសំរោងធំ​ រួចមក​ ឯកឧត្តម​ ង៉ោ​ សុវណ្ណ​ បានមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី​ ដោយបានអំពាវនាវដលប្រជាពលរដ្ឋសូមអញ្ជើញទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា​ នៅថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៧​ ខាងមុខ​ និងបានគូសបញ្ជាក់អំពីគម្រោងនានាដែលក្រុមការងារគណៈពង្រឹងនឹងអនុវត្តនៅក្នុងឃុំសំរោងធំ​ និងបញ្ហាប្រឈមសំខាន់ដែលឃុំសំរោងធំបានជួបប្រទះ។
*តមក​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តបានបញ្ជាក់ពីវត្តមានរបស់ឯកឧត្តមនៅក្នុងឃុំសំរោងធំក្នុងរយៈពេល១​ ខែនេះ​ គឺបានចំនួន០២​ លើកហើយ​ គឺនៅថ្ងៃទី១៨​ ខែមីនា​ ២០១៧​ និងនៅថ្ងៃនេះគឺថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០១៧។ ឯកឧត្តមបានបន្តលើកឡើងពីសារៈសំខាន់នៃសន្តិភាព​ ហើយអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមក្នុងការថែរក្សានូវសន្តិភាពទោះបង់ក្នុងតម្លៃណាក៏ដោយ​ ក្នុងនោះត្រូវចូលរួមក្នុងការថែរក្សាស្ថេរភាពនយោបាយ,​ ស្ថេរភាពសេដ្ឋកិច្ច,​ ស្ថេរភាពខាងសន្តិសុខ។ ក្នុងនោះឯកឧត្តមានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីគោលនយោបាយសំខាន់ៗសម្រាប់អភិវឌ្ឍឃុំ​ សង្កាត់ឆ្នាំ​ ២០១៧-២០២២​ របស់គណបក្សប្រជាជនកម្ពុជា។
*ក្នុងឱកាសនោះ​ ឯកឧត្តមអភិបាលបានណែនាំអោយ៖
+​ អាជ្ញាធរស្រុក​ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវចុះសិក្សាប្រមូលទិន្នន័យអោយបានច្បាស់អំពីប្រជាពលរដ្ឋដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុនសុវណ្ណភូមិ​ លើផ្ទៃដី​ ៨៥០​ ស្ថិតនៅភូមិសំរោងក្អែល​ ឃុំសំរោងធំ​ ស្រុកកៀនស្វាយ។
+​ ណែនាំក្រុមការងារបច្ចេកទេសត្រូវពន្លឿនការសិក្សាអំពីផ្លូវនានានៅក្នុងឃុំដើម្បីរដ្ឋបាលខេត្តមានវិធានការណ៍ដោះស្រាយ
*ជាទីបញ្ចប់​ឯកឧត្តមអភិបាលបានឧបត្ថម្ភ​ និងផ្តល់៖
+​ ផ្តល់អាគារសាលាឃុំ​ ០១​ អគារដល់ឃុំសំរោងធំ​ ដែលត្រូវបើកការដ្ឋានសាងសង់នាថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០១៧​ ខាងមុខនេះ
+ឧបត្ថម្ភដល់អ្នកចូលរួមចំនួន​ ១១២៥​ នាក់​ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន​ ២​ មុឺនរៀល​ សុបថវិកាចំនួន​ ២២​ លាន​ ៥សែន​ រៀល៕

17904478_438349966519935_6585514760514948284_n 17951902_438332573188341_7480696648037806030_n 18010181_438358276519104_2114514155496095843_n 18034077_438351143186484_6890923006749048433_n 18034269_438334946521437_7786368107136936339_n