លោក សុខ ឥសាន៖​តើនរ​ណាជា​ជនរង​គ្រោះ ?​


Sok-Eisan-7-2-2017-1

លោក សុខ ឥសាន៖​តើនរ​ណាជា​ជនរង​គ្រោះ ?​

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងការប្រកួតប្រជែងនយោបាយ គណបក្សសង្គ្រោះជាតិតែងតែប្រើល្បិចគ្រប់បែបយ៉ាង តាមគ្រប់រូបភាព ហើយប៉ិនប្រសប់ក្នុងការកាទ្បៃសភាពការណ៍ពី ស ទៅជា ខ្មៅ ពីអាក្រក់ ទៅជាល្អ ហើយចាត់ទុកខ្លួនថា ជាជនរងគ្រោះទៅវិញ បំភ័ន្ដមតិមហាជនឱ្យគេអាណិត ជាក់ស្តែងដូចករណី សម រង្ស៊ី, ហុង សុខហួ, អ៊ុ សំអាន, ថាក់ ទ្បានី, គឹម សុខ និងមនុស្សមួយចំនួនទៀត សុទ្ធតែបានប្រព្រឹត្តល្មើសច្បាប់ធ្ងន់ធ្ងរ ត្រូវតុលាការចាត់នីតិវិធីស្របតាមច្បាប់។ ប៉ុន្តែពួកជនល្មើសព្រមទាំងដៃជើងប្រឆាំងទាំងក្នុង និងក្រៅប្រទេស នាំគ្នាបន្ទរសំឡេងថា ទទួលរងការគាបសង្កត់យាយីពីគណបក្សប្រជាជនកម្ពុជា និងពីរាជរដ្ឋាភិបាល ប្រែក្លាយពួកគេជាជនល្មើសទៅជាជនរងគ្រោះបំភ័ន្ដមតិសាធារណៈឱ្យជួយអាណិតពួកគេ ។
លោក សុខ ឥសាន បានបន្តទៀតថា ជាក់ស្តែងដូចករណីលោក សម រង្ស៊ី បានលាលែងពីតួនាទីប្រធានគណបក្ស និងពីសមាជិកគណបក្សដោយខ្លួនឯង ដោយបញ្ជាក់ច្បាស់ថា ជារឿងផ្ទាល់ខ្លួនសុទ្ធសាធ នៅតែពួកគេនិយាយដដែលថា មកពីមានការដាក់គំនាបពីគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។ នេះបញ្ជាក់ឱ្យឃើញច្បាស់ពីល្បិចកលចោរ ស្រែកថាចោរបំភ័ន្ដមហាជន។
ដូច្នេះ ជនដែលបានប្រព្រឹត្តល្មើសច្បាប់ទេ ដែលជាជនល្មើស និងជាជនជាប់ចោទ ឯគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដែលទទួលរងការជេរប្រមាថ លាបពណ៌ មួលបង្កាច់គ្រប់រូបភាពនោះ គឺពិតជាជនរងគ្រោះមិនអាចប្រែក្រទ្បាស់បានជាដាច់ខាត៕